ហេតុផល​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​ចូល​ចិត្ត​​អ្នក​

មនុស្ស​ម្នាក់​ៗ បើតាម​ធម្មជាតិ​របស់​ពួកគេគឺ​មាន​ចរិត​លក្ខណៈ​ ចំណង់​ចំណូល​ចិត្ត ខុសៗ​គ្នា។ អ្នក​ខ្លះ​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​យក​ចិត្ត​ទុក​ដាក់​មក​លើ​ខ្លួន ឯអ្នក​ខ្លះទៀត​គឺគ្រាន់​តែ​មិនខ្វាយ​ខ្វល់​ពី​ការ​គិត​របស់​អ្នក​ដទៃ​មក​លើ​ខ្លួន​គេ​តែ​ម្តង។ ជាមួយ​គ្នា​នេះ​ដែរ មនុស្ស​មួយ​ចំនួន កើត​មកមិន​មាន​អំណោយ​ផល​មក​ពី​កំណើត​តែ​ម្តង​ក្នុង​ការ​ធ្វើ​ឲ្យ​ដទៃចូល​ចិត្ត។ ហើយ​អ្នក​ខ្លះ​ទៀត ទោះធ្វើ​ខុស​យ៉ាងណា ក៏​គេ​នៅ​តែ​ចូល​ចិត្ត។ តើ​នេះត្រឹម​ត្រូវទេ? ខាង​ក្រោម​នេះគឺជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេង​មិន​ចូល​ចិត្ត​ពី​មនុស្ស​ណា​ម្នាក់។





1. ជា​មនុស្ស​ដឹង​គ្រប់​​យ៉ាង
មនុស្ស​ដែល​ឆ្លាត និង មនុស្ស​ដែល​ដឹង​គ្រប់​យ៉ាង​គឺ​ខុស​គ្នា។ អ្នក​ដឹង​គ្រប់​យ៉ាង​នេះ គឺ​នៅ​ពេល​ដែល​និយាយ​ពី​រឿង​អ្វី​មួយ​ទៅ គឺ​មាន​គំនិត មាន​ព័ត៌មាន​មក​ប្រាប់​រហូត តែ​តាម​ការ​ពិត ពាក្យ​សំដីដែល​គេ​និយាយ​ចេញ​មក​នោះ អាចនិយាយ​ដោយ​មិន​បាន​ពិចារណា​ គ្មាន​ហេតុផល​ច្បាស់លាស់ គិត​ថា​ខ្លួន​ឯង​និយាយ​ត្រូវរហូត។ មនុស្ស​បែប​នេះ បើ​និយាយ​ គេ​ទ្រាំ​ស្តាប់ តែ​បើ​ឲ្យ​ចូល​ចិត្ត មាន​ភាគ​តិច​ណាស់។ 

2. ជា​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ដើម​គេ
ជួន​កាល​ អ្នក​ខ្លះ​គឺ​បែប​នេះ​ឯង គឺ​តែង​តែ​ចូល​ចិត្ត​និយាយ​ដើម​អាក្រក់​ពី​គេ។ បើ​សិនជា​អ្នក​ខ្លះ​មាន​ទម្លាប់​បែប​នេះ​មែន អ្នក​គួរ​តែ​កែ​នៅ​ពេល​ដែល​អ្នក​​បញ្ចប់​ការ​សិក្សា និង ដល់​ពេល​ចូល​ធ្វើ​ការ​។ ការ​និយាយ​ដើម​អាក្រក់ពីគេ​ មិន​បាន​អ្វី​មក​វិញទេ ក្រៅពីអ្នក​ដទៃ​មិន​ចូល​ចិត្តអ្នក​នោះ។ ជាង​នេះ វា​ជា​ទម្លាប់​អាក្រក់​មួយ​ដែរ។

3. ជា​មនុស្ស​ដែល​ចូល​ចិត្ត​គ្រប់​គ្រង​លើ​គេ
ជួន​កាល អត្តចរិត​បែប​នេះ​ពិបាក​កែណាស់។ ការ​ចូល​ចិត្ត​គ្រប់គ្រង​លើ​គេ ធ្វើ​ឲ្យ​គេ​គិត​ថា​អ្នក​ធ្វើ​ចរិត​ដូចជា​ចៅហ្វាយគេ និង​ខ្វល់​តែ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង។ ពេល​ខ្លះ អ្នក​ដែល​អត្តចរិតចូល​ចិត្ត​គ្រប់​គ្រង​លើ​គេ​នេះ ក៏​មិន​មែន​អាក្រក់​អីដែរ ហើយ​ជួនកាល​ជា​មនុស្ស​មាន​ការ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​ទាប ដែល​ជា​ហេតុ​ប្រើ​ប្រាស់​គេ ជំនួស​ប្រើ​សមត្ថភាព​ខ្លួន​ឯង។ 

4. ជា​មនុស្ស​ដែល​មិនចូល​ចិត្ត​ស្តាប់​អ្នក​ដទៃ
ជួន​កាល អ្នក​ខ្លះ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​អ្នក​ផ្សេង​កំពុង​តែ​និយាយទេ​ ព្រោះជួន​កាល​គិត​ថាគួរ​ឲ្យ​ធុញ។ តាម​ការពិត នៅ​ពេល​អ្នក​ណាម្នាក់​និយាយ គេ​តែង​ចង់​បាន​ការ​យក​ចិត្តទុក​ដាក់​ពី​អ្នក​ស្តាប់។ ចំពោះ​អ្នក​ស្តាប់វិញ ទោះ​បីអ្នក​មិន​ចូល​ចិត្ត​ស្តាប់​គេ​និយាយក៏​ដោយ អ្នកគួរ​ព្យា​យាម​ស្តាប់ យ៉ាង​ហោច​ណាស់​អ្នក​ក៏​ទទួល​បាន​ប្រយោជន៍​ខ្លះ​ដែរ។ 

5. ជា​មនុស្ស​និយាយ​មុន​គិត
អ្នក​ខ្លះ នៅ​ពេល​មាន​សំនួរ ឬ និយាយ​ពី​​ប្រធាន​បទអ្វី​ថ្មីៗ​វិញ គេ​តែង​និយាយ​តែ​ម្តង​ ដោយ​មិន​បាន​គិត​មុន​ទេ។ បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​សូវ​ចូល​ចិត្ត​អ្នក​ទេ។ ប្រហែល​ និយាយ​ដោយ​មិន​បាន​គិត​មុន​នេះ​ មិន​មែន​ជា​កំហុស​របស់​គេទេ​ តែ​យ៉ាង​ហោច គេគួរ​តែ​ស្វែង​យល់​ឲ្យ​ច្បាស់​មុន​នឹង​និយាយ​អ្វី​ចេញ​មក។ 

6. អ្នក​ព្យាយាម​ជ្រុល​ពេក
មនុស្សបែប​នេះ​តែង​ចង់​ឲ្យ​គេ​មើល​មក​ខ្លួន​ថា​ល្អជា​និច្ច ហេតុ​នេះ​ទើប​ពួក​គេធ្វើ​អ្វី ដោយ​ព្យយាម​ជ្រុល។ គេ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​េង​ចូល​ចំណោម​គេ ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ដាច់ និង​ព្យាយាមជា​មនុស្ស​ដាច់​គេ។ តាម​ការពិត នេះ​ក៏​ប្រហែល​មិន​មែនជា​កំហុស​របស់​គេ​ដែរ គ្រាន់​តែ​អាកប្បកិរិយា​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​មិន​ល្អជាមួយ។

Comments