ភ្នំពេញៈ តារាសម្តែងស្រីស្រស់សិចស៊ី ដែលទើប តែមានភាពល្បីលើវិថីភាពយន្ត ហើយក៏ត្រូវបានក្រសួងវប្បធម៌ពិន័យផ្អាកថតកុនមួយឆ្នាំ កញ្ញា ដេននី ក្វាន់ ព្រមានទម្លាយសារឆ្លើយឆ្លងពាក់ព័ន្ធនឹងរឿងខ្ចីប្រាក់តាំងពីឆ្នាំ ២០១៥ និងមុខមាត់ពិតបុរសម្នាក់មានងារជាឧកញ៉ា បើមិនព្រមសង ឲ្យមហាជនបានដឹងការពិតមិនខានឡើយ បើនៅតែប្រើលេសថា ខ្លួនជាប់រវល់នៅប្រទេសក្រៅដដែលៗបន្តទៅទៀតនោះ។
តារាសម្តែងស្រី មានស្រុកកំណើតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានទ្រព្យសម្បត្តិស្តុកដូចជាសេដ្ឋិនីទាំងនៅក្មេង ព្រោះតែមានរបររកស៊ីក្រៅសិល្បៈ និងបានបើកហាង ២ គឺ ដេននី ក្វាន់ សាឡន ចំណាយដើមទុនជាង ៤ ម៉ឺនដុល្លារ និងហាងលក់គ្រឿងសង្ហារិម ដាក់ទុនច្រើនជាងនេះ ទីតាំងនៅម្តុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «តាមពិតទៅប្រាក់ដែលគាត់ខ្ចីនោះ មិនជាច្រើនប៉ុន្មានទេ គឺក្រោម ១ ម៉ឺនដុល្លារ ប៉ុណ្ណោះ តែអ្វីដែលធ្វើឲ្យនាងខ្ញុំខឹងនោះ គឺលេសដដែលៗថានៅក្រៅប្រទេស ចាំគាត់មកស្រុកខ្មែរវិញនឹងសងហើយ ហើយរឿងជំពាក់ប្រាក់នោះ មិនមែនទើបតែមាននៅពេលថ្មីៗនោះទេ គឺតាំងពីឆ្នាំ ២០១៥ មក ហើយខ្ញុំស្អប់បំផុតគឺអ្នកណាពូកែប្រើលេសច្រើនកុហក»។
ទោះបីជាយ៉ាងណាក្តីតារាសម្តែងស្រីស្រស់សោភារូបនេះ ហាក់នៅមានចិត្តមេត្តា ដោយនាងនៅលាក់ឈ្មោះបុរសជាឧកញ៉ានោះ និងទុកពេលតាមការសន្យាដែលថា នឹងសងពេលមកស្រុកខ្មែរវិញសិនដែរ ខណៈនាងបន្តថា៖ «ខ្ញុំនៅចាំមើលសិន ដោយសារពេលថ្មីៗនេះ គាត់បានផ្ញើសារមកនាងខ្ញុំថា នឹងសងពេលវិលត្រឡប់មកពីប្រទេសអូស្ត្រាលីនោះ។ តែបើគាត់ នៅតែបន្តការកុហកនោះ នាងខ្ញុំនឹងទម្លាយសារ ដែលបានឆ្លើយឆ្លងខ្ចីប្រាក់នាងខ្ញុំនោះឲ្យមហាជនស្គាល់មុខមាត់ជាពុំខានឡើយ»។
មុននេះបន្តិច ដេននី ក្វាន់ ក៏ធ្លាប់បានព្រលយពាក្យដាស់តឿនទៅបុរសឧកញ៉ានោះម្តងរួចហើយតាមហ្វេសប៊ុកនាងថា៖ «ថ្ងៃនេះមួម៉ៅណាស់!អ្នកណាក៏ខ្ញុំមិនទុកមុខឲ្យដែរ! ពេលនេះសូមប្រកាសដល់លោកឧកញ៉ាម្នាក់ ដែលជំពាក់លុយខ្ញុំ សូមមេត្តាយកលុយមកសងជាប្រញាប់ផង!កុំយកលេសថា នៅក្រៅប្រទេសញឹកញាប់ពេក លុយតិចតួចទេ ខ្ញុំគិតថា គឺដូចជាមិនពិបាកសោះ បើគ្រាន់តែផ្ញើសងប្រយ័ត្នខ្ញុំលែងយក ហើយយករូបផូស្តឲ្យខ្មាសគេទៅណា?»។
គួររំឭកដែរថា ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២ ខែឧសភាកន្លងមក ប្រកាសសុំកិច្ចសហការហាមឃាត់ទៅគ្រប់ស្ថានីយទូរទស្សន៍ និងផលិតករដែលមានមុខរបរពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌ឲ្យផ្អាកយកតួតារាស្រីស្រស់សិចស៊ីកញ្ញា ដេននី ក្វាន់ សម្ដែង បានបង្កការភ្ញាក់ផ្អើលដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។ តែថ្មីៗនេះ កុនដំបូងនាងក៏ត្រូវបានប្រកាសចាក់បញ្ចាំងនៅតាមរោងកុននានាហើយរឿង«ផ្ទះចិញ្ចឹមខ្មោច»៕
Comments
Post a Comment