ពេជ្រ សូលីកា មិន​ច្បាស់​ចូល​សិល្បៈ​វិញ ​ទោះ​ជា​ចេញ​បទ​ថ្មី


ភ្នំពេញៈ អតីត​តារាចម្រៀង​ផលិតកម្ម​សាន់ដេ កញ្ញា ពេជ្រ សូលីកា ដែល​បាន​សម្រេចចិត្ត​ដើរ​ចេញ​ពី​សិល្បៈ​ចម្រៀង​ក្រោយ​ទម្លាយ​រឿង​ឈឺចាប់​ត្រូវ​សង្សារ​លាក់មុខ​ដកហូត​យក​រថយន្ត​ម៉ាក Lexus LS 460 ពណ៌​ទឹកសមុទ្រ តម្លៃ​ប្រមាណ ១១ ម៉ឺនដុល្លារ ហើយ​នាង​ក៏ប្តូរ​មក​ជិះ Lexus RX 300 ពណ៌​ស​ចាស់ តម្លៃ​មិន​ដល់ ១ ម៉ឺនដុល្លារ​វិញ ស្រាប់​ថ្មីៗ​នេះ​នាង​បាន​ចេញ​នូវ​បទ​ចម្រៀង​អូរីជីណល​ច្រៀង​ជាមួយ​ដៃគូ​ចាស់​គឺ​លោក នីកូ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង ក្នុង​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា «លាក់បាំង»។
រំពេច​នោះ​មហាជន​ដែល​ធ្លាប់​គាំទ្រ​នាង ក៏នាំ​គ្នា​គិត​ដោយ​ភាព​មន្ទិលសង្ស័យ​ថា ៖«ទំនង​ជា​កញ្ញា ពេជ្រ សូលីកា មាន​គម្រោង​វិល​មក​រក​សង្វៀន​ចម្រៀង​វិញ​ហើយ​មើល​ទៅ​បាន​ជា​សុខៗ​នាង​ចេញ​បទ​ថ្មី ហើយ​ច្រៀង​ជាមួយ​ដៃគូ​ចាស់​គឺ លោក នីកូ ទៀត!»។
អតីត​តារា​ចម្រៀង​ស្រី​មិនសូវ​ជា​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង តែ​នៅ​មាន​សម្រស់​ស្រស់ស្អាត​រូបនេះ ខាង​ភ្នំពេញប៉ុស្តិ៍ ក៏​មិនអាច​ទំនាក់ទំនង​សុំការ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​គម្រោង​ការវិល​មក​ជ្រក​វិថី​ជា​ឆ្នាំងបាយ​ចាស់​វិញ​យ៉ាងណា​ទេ ដោយសារ​តែ​លេខ​ទូរស័ព្ទ​នាង​ធ្លាប់​ប្រើ​កាល​ពីមុន​មក​នោះ ក៏ត្រូវ​ប្តូរ​ជាលេខ​ទំនាក់ទំនង​បាន​សម្រាប់​តែការ​រកស៊ី​និង​បុគ្គលិក​ជំនួញ​ប៉ុណ្ណោះ។
បើតាម​ការអះអាង​ពី​ស្រីម្នាក់ ដែល​បាន​បង្ហោះ​លេខ​ទូរស័ព្ទ និង​ប្រាប់​ងារជា​អ្នកគ្រប់គ្រង​កិច្ចការ​ផ្ទាល់ខ្លួន​របស់​តារា​ចម្រៀង​ស្រី ពេជ្រ សូលីកា តែ​មិន​ហ៊ាន​ប្រាប់​ឈ្មោះ​ឲ្យ​គេដឹង​ព្រោះ​តែ​លេស​ថា​រឿង​ផ្ទាល់​ខ្លួន បាន​លើក​ទូរស័ព្ទ​ឆ្លើយ​ថា៖ «បទ​ចម្រៀង​របស់​កញ្ញា ពេជ្រ សូលីកា ច្រៀង​ជាមួយ​លោក នីកូ នេះ​គ្រាន់​តែ​ជា​បទ​ចម្រៀង​ថត​លេងៗ​តែប៉ុណ្ណោះ មិន​មានន័យ​ថា នាង​ចង់​វិល​រក​សិល្បៈ​នោះ​ឡើយ។ ហើយ​បើបង​ចង់ដឹង​ច្បាស់​យ៉ាងណា​នោះ ប្រើ​លទ្ធភាព​រកការ​ទំនាក់ទំនង​ដោយ​ខ្លួនឯង​ចុះ​ព្រោះថា​រឿងនេះ​ជារឿង​ផ្ទាល់ខ្លួន​របស់​គាត់ ខ្ញុំ​មិនអាច​បកស្រាយ​បាន​នោះ​ទេ»។
តែបើ​តាម​លោក នី ណូលី ជា​អ្នកនិពន្ធ​ទំនុក​ច្រៀង និង​បទភ្លេង​នៃ​បទ «លាក់បាំង» នេះ​បាន​បង្ហើប​ថា៖ «តាម​ពិត​ទៅ​បទ​ចម្រៀង​នេះ ផ្តើម​ចេញ​ពី​គំនិត​របស់​លោក នីកូ បាន​បង្ហើប​ថា លោក​ចង់​ឲ្យ Fans មានការ​ភ្ញាក់ផ្អើល​ចំពោះ​បទ​ចម្រៀង​ថ្មី​របស់​លោក ដែល​មាន​បំណង​ចង់​ច្រៀង​គូ ជាមួយ​នឹង​តារា​ចម្រៀង​ស្រីណា​ម្នាក់។ ក្រោយ​ពី​លោក ក៏ប្រាប់​ឈ្មោះ​តារា​ចម្រៀង​ស្រី​គឺ​កញ្ញា សូលីកា មក ខ្ញុំ​ក៏បាន​រៀបចំ​និពន្ធ​ជា​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង រហូត​បាន​បង្ហោះ​ចេញ​ផ្សាយ​តាម Page របស់​លោក នីកូ នាពេល​នេះ​តែម្តង។ ហើយ​រឿង​ថា កញ្ញា សូលីកា វិល​ចូល​សិល្បៈ​វិញ​ខ្ញុំ​បាន​ដឹង​ច្បាស់​ដែរ»។
ពេជ្រ សូលីកា បាន​ទៅ​ប្រកប​អាជីកម្ម​លក់បាយ​ស្រូប​មាន​យីហោ​ថា «បាយ​អូនអ៊ូក» ខណៈ​បញ្ហា​ស្នេហា​រវាង​នាង និង​អតីត​គូស្នេហ៍​ឈ្មោះ សៀ សម្បត្តិ ជា​មន្ត្រី​មាន​ស័ក្តិ​នៅ​អង្គភាព​កងរាជ​អាវុធហត្ថ​នោះ​ត្រូវ​ជម្រះបញ្ជី​គ្នា​រួចមក៕

Comments